Jump to Content

Google ប្តេជ្ញាចិត្តជួយអ្នកឲ្យរកឃើញពិភពលោកនៅជុំវិញអ្នក។ រូបភាពនៅលើប្រព័ន្ធរបស់យើងមានគោលបំណងដើម្បីបង្កើនបទពិសោធន៍របស់អ្នក ដោយជួយឱ្យអ្នកមើលសាកល្បង និងរុករកកន្លែងនានាដែលនៅជិតៗ ឬទូទាំងសកលលោក។ យើងបានខិតខំយ៉ាងខ្លាំងដើម្បីធ្វើឲ្យប្រាកដថារូបភាពគឺមានប្រយោជន៍ និងឆ្លុះបញ្ចាំងពីពិភពលោកដែលអ្នកប្រើប្រាស់របស់យើងរុករក។

រូបភាពទិដ្ឋភាពផ្លូវអាចត្រូវបានចូលរួមចំណែកដោយភាគីខាងក្រៅ ឬ Google។ អ្នកអាចដឹងពីភាពខុសគ្នាតាមរយៈឈ្មោះកំណត់លក្ខណៈ ឬរូបតំណាងដែលបានបង្ហាញនៅលើរូបភាពនីមួយៗ។ រូបភាពដែលបានថតដោយភាគីខាងក្រៅ ហើយបានបោះផ្សាយនៅលើ Google ផែនទី គឺជាកម្មសិទ្ធិរបស់អ្នកចូលរួមចំណែកនោះ (ឬអ្នកស្នងតំណែងណាម្នាក់ដែលគេចាត់តាំង)។

ទំព័រនេះចែងអំពីគោលការណ៍រូបភាពទិដ្ឋភាពផ្លូវដែលបានចូលរួមចំណែកដោយ Google។ សម្រាប់រូបភាពទិដ្ឋភាពផ្លូវដែលបានចូលរួមចំណែកដោយអ្នកប្រើប្រាស់ សូមមើល គោលការណ៍ស្ដីពីខ្លឹមសារដែលបានចូលរួមចំណែកដោយអ្នកប្រើប្រាស់ផែនទ ី ។

គោលការណ៍រូបភាព ទិដ្ឋភាពផ្លូវដែលបានចូលរួមចំណែកដោយ Google

ដើម្បីជួយធានាថាអ្នកគ្រប់គ្នាដែលមើលរូបភាពទិដ្ឋភាពផ្លូវនេះទទួលបានបទពិសោធន៍វិជ្ជមាន និងមានប្រយោជន៍ យើងបានបង្កើតគោលការណ៍ទិដ្ឋភាពផ្លូវដែលបានចូលរួមចំណែកដោយ Google នេះឡើង។ គោលការណ៍នេះពន្យល់ពីរបៀបដែលយើងចាត់វិធានការលើខ្លឹមសារមិនសមរម្យ និងលក្ខខណ្ឌដែលយើងប្រើប្រាស់ ដើម្បីបោះផ្សាយរូបភាពទិដ្ឋភាពផ្លូវនៅលើ Google ផែនទី។ សូមពិនិត្យមើលឡើងវិញម្ដងម្កាល ពីព្រោះយើងអាចធ្វើបច្ចុប្បន្នភាពម្តងម្កាលលើគោលការណ៍របស់យើង។

រូបភាពទិដ្ឋភាពផ្លូវមិនមែនក្នុងពេលជាក់ស្តែងទេ

រូបភាពទិដ្ឋភាពផ្លូវបង្ហាញតែអ្វីដែលកាមេរ៉ារបស់យើងអាចមើលឃើញនៅថ្ងៃដែលកាមេរ៉ាទាំងនោះបានឆ្លងកាត់តាមទីតាំងនោះប៉ុណ្ណោះ។ បន្ទាប់មកទៀត ដំណើរការរូបភាពទាំងនោះ ត្រូវចំណាយពេលរាប់ខែ។ នេះមានន័យថាខ្លឹមសារដែលអ្នកមើលឃើញអាចជារូបភាពកាលពីពីរបីខែទៅពីរបីឆ្នាំមុន។ នៅក្នុងទីតាំងមួយចំនួនដែលយើងបានប្រមូលរូបភាពអស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នកក៏អាចមើលការផ្លាស់ប្ដូរនានាចំពោះរូបភាពនោះនៅក្នុងមុខងារ ម៉ាស៊ីនពេលវេល ារបស់យើង។

ការធ្វើឱ្យព្រាល

Google ប្រកាន់យកនូវជំហានមួយចំនួនដើម្បីការពារឯកជនភាពរបស់បុគ្គលនានា នៅពេលរូបភាពទិដ្ឋភាពផ្លូវត្រូវបានបោះផ្សាយនៅលើ Google ផែនទី។

យើងបានបង្កើតបច្ចេកវិទ្យាទំនើបក្នុងការធ្វើឱ្យមុខ និងស្លាកលេខព្រាល ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យព្រាលមុខ និងស្លាកលេខដែលអាចកំណត់អត្តសញ្ញាណបាននៅក្នុងរូបភាពដែលបានចូលរួមចំណែកដោយ Google នៅក្នុងទិដ្ឋភាពផ្លូវ។ ប្រសិនបើអ្នកមើលឃើញថាមុខ ឬស្លាកលេខរបស់អ្នកតម្រូវឱ្យមានការធ្វើឱ្យព្រាលបន្ថែមទៀត ឬប្រសិនបើអ្នកចង់ឱ្យយើងធ្វើឱ្យផ្ទះ រថយន្ដ ឬរាងកាយទាំងមូលរបស់អ្នកព្រាល សូមដាក់បញ្ជូនសំណើដោយប្រើឧបករណ៍ "រាយការណ៍បញ្ហា "។

ខ្លឹមសារមិនសមរម្យ

អ្នកអាចរាយការណ៍អំពីខ្លឹមសារមិនសមរម្យដោយប្រើតំណ "រាយការណ៍បញ្ហា" ។ យើងចាត់ទុកប្រភេទដូចតទៅនេះថាជាខ្លឹមសារមិនសមរម្យ លើកលែងតែមានគុណតម្លៃផ្នែកសិល្បៈ អប់រំ ឬមានគុណតម្លៃជាឯកសារនៅក្នុងខ្លឹមសារនេះ។

ការបំពានកម្មសិទ្ធិបញ្ញា

យើងមិនអនុញ្ញាតឱ្យមានរូបភាព ឬខ្លឹមសារណាមួយផ្សេងទៀតដែលរំលោភសិទ្ធិស្របច្បាប់របស់អ្នកណាម្នាក់ផ្សេងទៀតឡើយ រួមទាំងការរក្សាសិទ្ធិផងដែរ។ ដើម្បីទទួលបានព័ត៌មានបន្ថែម ឬដើម្បីស្នើឯកសារ DMCA សូមពិនិត្យមើលនីតិវិធីក្នុងការរក្សាសិទរបស់យើង។

ខ្លឹមសារអាសអាភាស

យើងមិនអនុញ្ញាតឱ្យមានខ្លឹមសារផ្លូវភេទស្ដែងជ្រុលនោះទេ។

ខ្លឹមសារមានលក្ខណៈខុសច្បាប់ គ្រោះថ្នាក់ ឬហិង្សា

យើងមិនអនុញ្ញាតឱ្យមានខ្លឹមសារដែលមានលក្ខណៈខុសច្បាប់ ផ្សព្វផ្សាយសកម្មភាពគ្រោះថ្នាក់ ឬឧក្រិដ្ឋកម្ម ឬខ្លឹមសារហិង្សាស្ដែងៗ ឬមិនសមហេតុផលឡើយ។

ការបៀតបៀន និងការគំរាមគំហែង

យើងមិនអនុញ្ញាតឱ្យមានខ្លឹមសារដែលប្រើប្រាស់ទិដ្ឋភាពផ្លូវ ដើម្បីបៀតបៀន សម្លុតធ្វើបាប ឬវាយប្រហារលើបុគ្គលណាឡើយ។

សំដីស្អប់ខ្ពើម

យើងមិនអនុញ្ញាតឱ្យមានខ្លឹមសារដែលផ្សព្វផ្សាយ ឬអត់ឱនអំពើហិង្សាប្រឆាំងនឹងបុគ្គល ឬក្រុមដោយផ្អែកលើពូជសាសន៍ ជាតិកំណើត សាសនា ពិការភាព ភេទ អាយុ សញ្ជាតិ ស្ថានភាពអតីតយុទ្ធជន ទំនោរផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័រឡើយ។

ខ្លឹមសារពាក់ព័ន្ធនឹងភេរវកម្ម

យើងមិនអនុញ្ញាតឱ្យអង្គការភេរវកម្មប្រើប្រាស់សេវាកម្មនេះសម្រាប់គោលបំណងណាមួយឡើយ រួមទាំងការប្រកាសរើសផងដែរ។ យើងក៏នឹងដកខ្លឹមសារដែលទាក់ទងទៅនឹងភេរវកម្មចេញ ដូចជាខ្លឹមសារដែលផ្សព្វផ្សាយសកម្មភាពរបស់ពួកភេរវករ ញុះញង់ឱ្យមានអំពើហិង្សា ឬអបអរសាទរចំពោះការវាយប្រហារភេរវកម្មផងដែរ។

ការបង្កគ្រោះថ្នាក់ដល់កុមារ

Google មានគោលការណ៍ដែលគ្មានការលើកលែងដាច់ខាតប្រឆាំងនឹងខ្លឹមសារដែលកេងប្រវ័ញ្ច ឬបំពានលើកុមារ។ ខ្លឹមសារនេះរួមមានរូបភាពរំលោភបំពានផ្លូវភេទទាំងអស់ និងខ្លឹមសារទាំងអស់ដែលបង្ហាញកុមារនៅក្នុងលក្ខណៈផ្លូវភេទ។ ប្រសិនបើអ្នករកឃើញខ្លឹមសារណាមួយ ដែលអ្នកគិតថាកេងប្រវ័ញ្ចលើកុមារក្នុងលក្ខណៈបែបនេះ សូមកុំចែករំលែកបន្ត ឬផ្ដល់មតិនៅលើខ្លឹមសារនោះ ទោះបីជាចេតនារបស់អ្នកមានបំណងប្រាប់ Google ឱ្យបានដឹងក៏ដោយ។ ប្រសិនបើអ្នករកឃើញខ្លឹមសារនៅកន្លែងផ្សេងទៀតនៅលើអ៊ីនធឺណិត សូមទាក់ទងមជ្ឈមណ្ឌលជាតិការពារកុមារដែលបាត់ខ្លួន និងរងការកេងប្រវ័ញ្ច (NCMEC) ដោយផ្ទាល់។

ព័ត៌មានបញ្ជាក់អត្តសញ្ញាណបុគ្គល

យើងមិនអនុញ្ញាតឱ្យមានខ្លឹមសារដែលមានព័ត៌មានបញ្ជាក់អត្តសញ្ញាណបុគ្គល ដូចជាព័ត៌មានលម្អិតអំពីកាតឥណទាន កំណត់ត្រាវេជ្ជសាស្ត្រ ឬអត្តសញ្ញាណបណ្ណដែលចេញឱ្យដោយរដ្ឋាភិបាល មិនថាវាជារបស់អ្នក ឬជារបស់អ្នកផ្សេងទៀតឡើយ។