ហេតុផលដែលយើងលក់ពាណិជ្ជកម្ម
តែមិនលក់លទ្ធផលស្វែងរក

នៅក្នុងពិភពមួយដែលរបស់របរស្ទើរគ្រប់យ៉ាងសុទ្ធតែសម្រាប់លក់ តើហេតុអ្វីបានជាអ្នកផ្សាយពាណិជ្ជកម្មមិនអាចទិញប្លង់បង្ហាញដែលប្រសើរជាងប្លង់ជាក់ស្តែងរបស់ខ្លួននៅក្នុងលទ្ធផលស្វែងរករបស់យើង?

ចម្លើយគឺមិនពិបាកយល់ទេ ពីព្រោះយើងយល់ថាអ្នកនឹងទុកចិត្តលើអ្វីដែលអ្នករកឃើញដោយប្រើ Google។ តាំងពីដើមរៀងមក គោលការណ៍របស់យើងចំពោះការស្វែងរកគឺការផ្តល់ជូនអ្នកប្រើរបស់យើងនូវចម្លើយ និងលទ្ធផលដែលពាក់ព័ន្ធនឹងពួកគេបំផុត។

លទ្ធផលស្វែងរក Google ពិចារណាលើអ្នកដែលពាក់ព័ន្ធនឹងគេហទំព័រ ក៏ដូចជាថាតើមាតិកានៅលើទំព័រនោះពាក់ព័ន្ធនឹងការស្វែងរករបស់អ្នកកម្រិតណា។ លទ្ធផលស្វែងរករបស់យើងឆ្លុះបញ្ចាំងពីអ្វីដែលសហគមន៍អ៊ីនធឺណិតគិតថាសំខាន់ ពោលគឺមិនមែនជាអ្វីដែលយើង ឬដៃគូរបស់យើងគិតថាអ្នកគួរតែឃើញនោះទេ។

ហើយបើទោះបីជាយើងជឿជាក់ថាពាណិជ្ជកម្មដែលពាក់ព័ន្ធអាចនឹងមានប្រយោជន៍ដូចលទ្ធផលស្វែងរកជាក់ស្តែងក៏ដោយ ពួកយើងមិនចង់ឲ្យអ្នកប្រើប្រាស់មានការភាន់ច្រលំរវាងលទ្ធផលទាំងពីរឡើយ។

រាល់ពាណិជ្ជកម្មនៅលើ Google មានកំណត់សម្គាល់យ៉ាងច្បាស់ និងត្រូវបានកំណត់ដោយឡែកពីលទ្ធផលស្វែងរកជាក់ស្តែង។ បើទោះបីជាអ្នកផ្សាយពាណិជ្ជកម្មអាចបង់ប្រាក់ច្រើនជាងមុនដើម្បីទទួលបានការបង្ហាញពាណិជ្ជកម្មកាន់តែខ្ពស់ក៏ដោយ គ្មាននរណាម្នាក់អាចទិញយកកន្លែងបង្ហាញលទ្ធផលស្វែងរកប្រសើរជាងលទ្ធផលស្វែងរកជាក់ស្តែងដោយខ្លួនគេឡើយ។ បន្ថែមពីនេះទៅទៀត មានតែពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងពាក្យស្វែងរកដែលអ្នកបានបញ្ចូលប៉ុណ្ណោះនឹងត្រូវបានបង្ហាញ។ វាមានន័យថាអ្នកនឹងមើលឃើញតែពាណិជ្ជកម្មដែលពិតជាមានប្រយោជន៍សម្រាប់អ្នកប៉ុណ្ណោះ។

សេវាកម្មលើអ៊ីនធឺណិតមួយចំនួនមិនជឿថាភាពខុសគ្នារវាងលទ្ធផលស្វែងរក និងការផ្សាយពាណិជ្ជកម្មមានសារៈសំខាន់ទេ។

ប៉ុន្តែពួកយើងជឿជាក់ថាវាពិតជាមានសារៈសំខាន់